សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Sunday, 18 January 2026

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ចំនួនអ្នកទស្សនា: Views

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ចូលរួមចំណែក៖
ទី១. ប្រឆាំងដាច់ខាតចំពោះព័ត៌មានញុះញង់ ៖ ត្រូវរួមគ្នាទប់ស្កាត់រាល់ខ្លឹមសារដែលបង្កឱ្យមានការស្អប់ខ្ពើម ការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើង ដែលអាចនាំឱ្យមានអស្ថិរភាពក្នុងសង្គមជាតិ។

ទី២. ការពារសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ៖ ក្នុងនាមជាសសរស្តម្ភទី៤ នៃលទ្ធិប្រជាធិបតេយ្យ យើងមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវបណ្តោយឱ្យស្ថាប័នសារព័ត៌មាន ក្លាយជាឧបករណ៍សម្រាប់ក្រុមជនអគតិដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ឬបង្កចលាចលនោះឡើយ។

ទី៣. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ មុននឹងចុះផ្សាយ ឬចែករំលែកព័ត៌មានណាមួយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ "ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ"។ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ អុជអាល ឬការបំផ្លើសការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក។

ទី៤. បណ្តុះស្មារតីអក្ខរកម្មព័ត៌មាន ៖ ជួយអប់រំ និងណែនាំសាធារណជន ឱ្យចេះវិភាគ វាយតម្លៃព័ត៌មាន និងកុំឱ្យជឿលើ "ព័ត៌មានក្លែងក្លាយ" (Fake News) ដែលមានបំណងបង្កភាពភ័យខ្លាច ឬការយល់ច្រឡំ។

ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានសង្កត់ធ្ងន់ថា "សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌សង្គម។ ការរក្សាសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង”។

ពីវេទិកានៃកិច្ចប្រជុំរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) នោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានរម្លឹកឱ្យអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នូវរាល់វិធានការចំពោះមុខដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងន័យបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស Online Scams និងដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដែលបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួន បានផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នាពេលកន្លងមក។

ជាចុងបញ្ចប់ លោកបណ្ឌិត ទូច វណ្ណៈ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសមាជិក IPA ទាំងអស់នឹងបន្តជាអ្នកនាំសារដ៏ស្មោះត្រង់ និងជាខែលដ៏រឹងមាំក្នុងការការពារសុខសន្តិភាព និងស្ថិរភាពនៃមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕








0 Comments:

Post a Comment