សូមស្វាគមន៍ www.k-breakingtvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៊ុត ពុទ្ធី មានទីស្នាក់ការកណ្តាល / ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទំនាក់ទំនង : 0883070002

Wednesday, 29 July 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល

ចំនួនអ្នកទស្សនា: Views

 


ជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពវិជ្ជមាន អំពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មីដល់មន្ត្រីនគរបាលជាតិកម្ពុជា។


ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជាថា ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ី នឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ៣ ដល់មន្ត្រីនគរបាលកម្ពុជា ក្នុងនោះរួមមាន៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ី មកបណ្ដុះបណ្ដាលនៅកម្ពុជា។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្ដល់ការសម្របសម្រួល ជាអាទិ៍ ការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ី រងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ី ដែលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងជាពិសេសការបង្ក្រាបទីតាំង និងរំដោះប្រជាជនឥណ្ឌូណេស៊ី ចេញពីទីតាំងប្រព្រឹត្តបទល្មើស។

នាឱកាសនោះដែរ ភាគីទាំងពីរ បានឯកភាព រៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែមទាំងអះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង។

ឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលឥតឈប់ឈរនៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការវិវត្តនៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានឯកភាពជាគោលការណ៍រៀបចំមន្ត្រីជំនាញមួយក្រុម ឱ្យជួបពិភាក្សាដើម្បីបង្កើតយន្តការអនុវត្តការងាររួមមួយ ដូចដែលកម្ពុជា បានអនុវត្តជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀត រួមមានសាធារណរដ្ឋកូរ៉េ ជាដើម៕







Wednesday, 24 June 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ចំនួនអ្នកទស្សនា: Views


ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ រៀបចំនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។


ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំដៅចំៗលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការលេចឡើងនូវបទល្មើសមិនប្រពៃណី ពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាហានិភ័យចំពោះប្រទេសមួយចំនួន និងសម្រាប់តំបន់ទាំងមូលផងដែរ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើអង្គប្រជុំ លើកទី២៩ នេះ បន្តយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាព និងស្រាវជ្រាវ ដើម្បីបង្កើតថ្មីនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ស្របតាមបរិបទថ្មីនៃយុគសម័យឌីជីថល ដើម្បីពង្រឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទឧក្រិដ្ឋ ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែទំនើប ដូចជា៖ អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបានរីករាលដាលនៅក្នុងតំបន់អាស៊ានរបស់យើង ដោយយើងមិនអាចមើលរំលងបានឡើយ។

យោងតាមរបាយការណ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអង្គប្រជុំ កិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានបង្ហាញអំពីសមិទ្ធផលរយៈពេល ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការចាប់តាំង ពីវេទិកា DGICM។

វេទិកានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការ ទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួន ស្នើឡើង។ ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ សរុបចំនួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយនិងតាមកម្មវិធីដែលបានគ្រោងទុក។

កិច្ចប្រជុំទាំងនោះ រួមមាន៖ ១. កិច្ចប្រជុំថ្នាក់ប្រធានច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗនៃអាស៊ាន លើកទី៩ (9th AMICF) ២. កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU)
៣. កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ាន លើកទី២១ (21st AIIF) ៤. កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ៥. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលី លើកទី២១ (21st DGICM + Australia) និងទី៦. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។

បើតាមឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍កម្ពុជា កិច្ចប្រជុំឆ្នាំនេះ កម្ពុជា បានកំណត់យកប្រធានបទ ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” ស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងដៃគូពិគ្រោះយោបល់ អូស្ត្រាលី សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏ដូចលេខាធិការដ្ឋានអាស៊ាន ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានជូនពរឱ្យកិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា តាមកម្មវិធី និងរបៀបវារៈ ដែលបានគ្រោងទុក៕








Friday, 19 June 2026

ឯកឧត្តម ទេព​ អស្នារិទ្ធ៖ «៣កុំ ១ការពារ» ជារបាំងការពារសង្គមពីព័ត៌មានក្លែងក្លាយ និងជំរុញផលិតមាតិកាផ្សព្វផ្សាយសក្តានុពលខេត្តកែប

ចំនួនអ្នកទស្សនា: Views


ខេត្តកែប៖
ខណៈព័ត៌មានក្លែងក្លាយកំពុងរីករាលដាលកាន់តែខ្លាំងតាមបណ្តាញសង្គម ឯកឧត្តម ទេព​ អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវឱ្យមន្ត្រីព័ត៌មាន និងសាធារណជនរួមគ្នាបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធីសាស្ត្រ «៣កុំ ១ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត និងការពារសុវត្ថិភាពព័ត៌មាន។


ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទេព​ អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម ទេព​ អស្នារិទ្ធ បានបញ្ជាក់ថា វិធីសាស្ត្រ «៣កុំ ១ការពារ» រួមមាន៖ ទី១ «កុំទាន់ជឿ» ពោលគឺនៅពេលឃើញព័ត៌មានប្លែក ធ្វើឱ្យរំជើបរំជួល ឬគួរឱ្យភ័យខ្លាច ត្រូវគិតពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់ មុននឹងវាយតម្លៃថាជាការពិត ព្រោះព័ត៌មានទាំងនោះអាចជាការប្រឌិតឡើងដើម្បីទាក់ទាញការចូលមើល (View)។ ទី២ «កុំទាន់ចែករំលែក» ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥វិនាទី ដើម្បីពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ហើយបើមិនប្រាកដប្រជា មិនត្រូវចែករំលែកបន្តឡើយ។ ទី៣ «កុំប្រហែស» ដោយត្រូវថែរក្សាលេខកូដសម្ងាត់គណនីផ្ទាល់ខ្លួន និងជៀសវាងការចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលគ្មានប្រភពច្បាស់លាស់។

ឯកឧត្តមបានបន្ថែមថា «១ការពារ» គឺត្រូវការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋមានសមត្ថភាពក្នុងការវិភាគ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តម ទេព​ អស្នារិទ្ធ បានគូសបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ប្រជាពលរដ្ឋគ្រប់រូបមិនត្រឹមតែជាអ្នកទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកផ្សព្វផ្សាយព័ត៌មានផងដែរ។ ដូច្នេះ ការគិតមុនជឿ ការផ្ទៀងផ្ទាត់មុនចែករំលែក និងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយទំនួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងរក្សាបាននូវសុខដុមរមនាក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ទេព​ អស្នារិទ្ធ ក៏បានជំរុញដល់មន្ត្រីព័ត៌មានខេត្តកែប ឱ្យខិតខំផលិតមាតិកាព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយដែលឆ្លុះបញ្ចាំងពីសក្តានុពល និងសមិទ្ធផលរបស់ខេត្តកែប ដោយផ្តោតលើវិស័យទេសចរណ៍ កសិកម្ម វប្បធម៌ បរិស្ថាន សុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការវិនិយោគបន្ថែម។

ឯកឧត្តមបានបន្តថា ខេត្តកែបមានសក្តានុពលជាច្រើន ទាំងធនធានធម្មជាតិ តំបន់ទេសចរណ៍ និងផលិតផលក្នុងស្រុក ដែលចាំបាច់ត្រូវមានការផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត និងគុណភាព ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជននាសម័យឌីជីថល។

ទន្ទឹមនោះ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប  បានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងផលិតព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន៕




Tuesday, 9 June 2026

បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!

ចំនួនអ្នកទស្សនា: Views


បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បុរសបែកថ្នាំខាលើ ត្រូវបានកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា ប្រហែលបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យរហូតអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារយ៉ាងដូច្នេះ។


លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបងប្អូន បានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

ចំនួនអ្នកទស្សនា: Views


ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។


ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ ដែលចាប់តាំងពីឆ្នាំ២០១៨មក បានពង្រីកការគាំទ្រវិស័យអប់រំ ទៅកាន់ខេត្តគោលដៅ ចំនួន ៩ និងបានវិនិយោគធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារកម្ពុជា ដែលនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ និងចំទិសដៅ ក្នុងការធានាថា កុមារងាយរងគ្រោះ និងក្រីក្រ នៅតាមតំបន់ដាច់ស្រយាល អាចអាន សរសេរ និងគណនាលេខ បានយ៉ាងស្ទាត់ជំនាញ នៅពេលបញ្ចប់ថ្នាក់ទី៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគីនចាន់ ដែលបានផ្ដួចផ្ដើមបង្កើតអង្គការកុមារកម្ពុជារីករាយ និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជននានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។

តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយនាឱកាសនោះ ប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថា សមិទ្ធផលនេះ នឹងក្លាយជាប្រភពនៃចំណេះដឹង ក្តីសង្ឃឹម និងកាលានុវត្តភាពសម្រាប់កុមាររាប់ពាន់នាក់ នាពេលអនាគត និងសូមឱ្យទីកន្លែងនេះ ក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាថែរក្សានិងលើកកម្ពស់គុណភាពអប់រំ ដើម្បីធានាថា កុមារកម្ពុជាគ្រប់រូប ទោះរស់នៅទីណាក៏ដោយអាចទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ គុណភាពនិងបរិយាបន្ន ព្រោះការវិនិយោគលើកុមារ នៅថ្ងៃនេះ គឺជាការកសាងភាពរុងរឿងរបស់កម្ពុជា នៅថ្ងៃស្អែក។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានចុះប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្ត ចំនួន ៩ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគីរី។ គោលដៅសំខាន់នៃគម្រោងនេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំដល់កុមារក្រីក្រ និងកុមារងាយរងគ្រោះ ដោយធានាឱ្យបានថា សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ នៅតាមសាលាគោលដៅទាំងអស់ នឹងមានសមត្ថភាពចេះអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦។ តាមរយៈគម្រោងនេះ អង្គការបានគាំទ្រដល់សាលាមត្តេយ្យចំនួន ៩១សាលា និងបឋមសិក្សាចំនួន ៩០សាលា ដែលបានចំណាយថវិកាសរុបចំនួន ១៧.៣២៦.៩៣៤ដុល្លារអាម៉េរិក៕

















Saturday, 30 May 2026

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

ចំនួនអ្នកទស្សនា: Views

 


នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ 


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តរំលេចនូវលេខអន្តរាគមន៍បន្ទាន់១២៩១ ដោយណែនាំឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយលើបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជូនបាច់ផ្កាអនុស្សាវរីយ៍ដើម្បីអបអរសាទរ និងជូនពរដល់ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្តីទុកចិត្តតែងតាំងលោក ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សូមទទួលបានជោគជ័យលើភារកិច្ចថ្មី ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលបំផុត៕