កែប៖ ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យព័ត៌មាន ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានជំរុញអោយមន្ទីរព័ត៌មានខេត្តកែប ពង្រឹងប្រសិទ្ធភាពការងារផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មាន បន្ថែមទៀត ជាពិសេសការផលិតមាតិកាគាំទ្រលើវិស័យទេសចរណ៍ខេត្ត ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាពអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប-ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៊ុន យោង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។
ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្ត បានមានប្រសាសន៍ ដោយជំរុញអោយមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការងារស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការបង្កើនការផលិតមាតិកាព័ត៌មាន និងវីដេអូអោយបានច្រើន មានគុណភាព និងទាន់សម័យ សំដៅគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប អោយកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិ បរទេស តបទៅតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំអោយមន្ទីរព័ត៌មាន បន្តយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយអំពីខេត្តកែប ជាពិសេសប្រភេទព័ត៌មានក្លែងក្លាយដោយត្រូវដាក់ចេញវិធានការឆ្លើយតបភ្លាមៗ។
ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកែប និងខេត្តកំពត បានលើកឡើងដែរថា មន្ទីរព័ត៌មានខេត្ត ត្រូវបន្តអនុវត្តតួនាទីជាសេនាធិការ អោយរដ្ឋបាលខេត្ត និងក្រសួងព័ត៌មាន ក្នុងការតភ្ជាប់ព័ត៌មានរវាងប្រជាពលរដ្ឋ ជាមួយថ្នាក់ខេត្ត និងថ្នាក់ក្រសួង អោយមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍អោយពង្រឹងតួនាទី និងសមត្ថភាពរបស់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធានាគុណភាពការងារ ស្របតាមទិសដៅ និងការចង់បានរបស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហានានាដែលបានកើតឡើងតាមបណ្តាញផ្សាព្វផ្សាយ ដើម្បីធានាទំនុកចិត្តដល់ប្រជាពលរដ្ឋ។
យ៉ាងណាថ្នាក់ដឹកនាំទាំងពីរ ក៏កោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តខិតខំអនុវត្ត និងសម្រេចបានផ្លែផ្កានាពេលកន្លងមកនេះ និងបន្តជំរុញអោយមន្រ្តីគ្រប់ថ្នាក់នៃមន្ទីរព័ត៌មាន ខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ។
អត្ថបទ៖ លោក ង៉ុង សាន់ មន្ទីរព័ត៌មានខេត្តកែប









0 Comments:
Post a Comment